សាលាខ្មែរ

ព្រះបរមគ្រូនៃការអប់រំ

ព្រះសម្មាសម្ពុទ្ធគឺជាបុគ្គលដែលត្រូវគេលើកតម្កើងថាជា ព្រះបរមគ្រូនៃការអប់រំ ដែលពុទ្ធសាសនិកជនស្គាល់ច្បាស់។​​ បរមគ្រូ មានន័យថា គឺជាគ្រូដ៏អស្ចារ្យឬគឺជាកំពូលគ្រូនៃគ្រូទាំងឡាយ មូលហេតុដែលព្រះអង្គត្រូវគេលើកតម្កើងថាជាបរមគ្រូគឺជារឿងដែលគួរអោយចាប់អារម្មណ៍ជាខ្លាំង ជាពិសេសអ្នកដែលមានអាជិពជាគ្រូបង្រៀនគួរសិក្សា វិភាគ និងយកគុណសម្បត្តិការធ្វើជាបរមគ្រូនៃការអប់រំដ៏ល្អរបស់ព្រះសម្មាសម្ពុទ្ធទៅបដិបត្តិដើម្បីប្រើអោយមានប្រយោជន៍បំផុតក្នុងការបង្រៀនរបស់ខ្លួន។​

ទីកន្លែងដែលប្រើសម្រាប់បង្រៀន

ព្រះសម្មាមស្ពុទ្ធមិនបានប្រកាន់មាំនឹងរឿងអគារឬទីកន្លែងដែលទ្រង់ប្រើសម្រាប់បង្រៀនថាត្រូវតែមានអការឬទីកន្លែងដែលទ្រង់សម្រាប់បង្រៀនថាត្រូវតែមានអគារឬទីកន្លែងសម្រាប់បង្រៀន ទើបអាចបង្រៀនបាននោះទេ។ ក្នុងការបង្រៀននេះ ​ព្រះអង្គបានយកផ្ទះរបស់អ្នកស្រុកឬកន្លែងដែលមានស្រាប់នៅក្នុងធម្មជាតិ​ ដូចជាព្រៃឬស្សី ចម្ការស្វាយ ក្រោមដើមឈើ មាតៀបឹង ដែលជាកន្លែងស្ងប់ស្ងាត់ ងាយស្រួល និង​មានភាពត្រជាក់ត្រជុំតាមបែបធម្មជាតិធ្វើជាកន្លែងទេសនាសម្រាប់អប់រំ។

គោលដៅក្នុងការបង្រៀន

ការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធទ្រង់បានកំណត់គោលដៅក្នុងការបង្រៀនយ៉ាងច្បាស់លាស់ គឺជាការបង្រៀនដើម្បីអោយមនុស្សស្គាល់ខ្លួនឯងនិងចេះហាត់ពុតលត់ដំខ្លួនអោយផុតពីសេចក្តីទុក្ខ (អាចដោះស្រាយបញ្ហាបាន)​ឬអាចនិយាយសរុបបានថា គោលដៅបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធសម្រាប់មនុស្សធម្មតា គឺទ្រង់បង្រៀនអោយមនុស្សសិក្សាពីរឿងរបស់ខ្លួន ដើម្បីអាចយល់ពីខ្លួនឯង ចេះប្រើខ្លួនឯង និងមើលខ្លួនឯងតាមសភាពជាក់ស្តែងបាន។ រីឯគោលដៅនៃការបង្រៀន សម្រាប់អ្នកដែលចង់សិក្សាកម្រិតកាន់តែខ្ពស់នោះ គឺព្យាយាមអោយរួចផុតពីពិភពលោកឆ្ពោះទៅកាន់ព្រះនិព្វាន គឺមិនបាច់មកកើត ចាស់ ឈឺ ស្លាប់តទៅទៀត

រូបមន្តសម្រាប់បង្រៀន

ជារួមព្រះអង្គមិនបានសរសេររូបមន្តជាលាយលក្ខណ៍អក្សរក៏ដោយ ប៉ុន្តែព្រះអង្គមានរូបមន្តក្នុងព្រះទ័យដែលទ្រង់ប្រើបង្រៀនយ៉ាងច្បាស់លាស់ ដែលហៅថារូបមន្ត ត្រៃសិក្ខា គឺ ១.សីល ២.សមាធិ និង ៣.បញ្ញា។

.​សីល​​ គឺជាការរក្សាកាយវាចាអោយមានរបៀបរៀបរយល្អដែលព្រះសម្មាសម្ពុទ្ធបានចែងចែកការរក្សាកាយអោយរៀបរយល្អនោះខុសៗគ្នា។ ឧទាហរណ៍ សម្រាប់មនុស្សទូទៅ (គ្រហស្ថ) មានកម្រិតនៃការរក្សាកាយវាចាតាមធម្មតាដូចជា ការបដិបត្តិតាមសីល៥ឬនិច្ចសីល គឺគ្រប់គ្រាន់ហើយ។

.សមាធិ គឺមានន័យថា ការគ្រប់គ្រងចិត្តអោយមានភាពម៉ឺងម៉ាត់ គត់មត់ និងមធ្យ័ត កុំអោយគេអូចទាញទៅដើរផ្លូវខុសបានអោយសោះ។

.បញ្ញា គឺមានន័យថា ដឹងពីដំណើរឬសសភាវធម៌ដែប្រព្រឹត្តទៅដោយមានហេតុផល ផ្តោតសំខាន់លើការដឹងរឿងរបស់ខ្លួនឯងច្រើនជាដឹងរឿងខាងក្រៅខ្លួន។

ពេលដែលពិចារណាពីកម្មវិធីសិក្សានាពេលបច្ចុប្បន្ននេះហើយឃើញថា ការបំប្លែងមកពីត្រៃសិក្ខាដែលអាចប្រៀបធៀបបានដូចជា សីលគឺជាសីលធម៌ សមាធិគឺជាកីឡា និង បញ្ញាគឺជាពុទ្ធិសិក្សា។

 

ចំណុចសំខាន់ក្នុងការបង្រៀន

ចំនុចសំខាន់ក្នុងការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធ គឺទ្រង់ប្រកាន់យកគោលការណ៍សច្ចធម៌៣ គឺបរិយត្តិ(ការហាត់រៀន)​ បដិបត្តិ(ការអនុវត្ត) និងបតិវេទ(ការដឹងច្បាស់) ពោលគឺព្រះអង្គបង្រៀនអោយយល់ពីគោលធម៌ដែលជាមូលដ្ឋានគ្រឹះជាមុនសិន(បរិយត្តិ) បន្ទាបើមកទើបអោយបដិបត្តិតាមពាក្យព្រៀនប្រដៅទាំងឡាយដែលបានសិក្សារួច(បដិបត្តិ) ពេលលោកអ្នកបដិបត្តិយលបានជ្រាលជ្រៅហើយនឹងបានទទួលផលពីការបដិបត្តិដែលត្រឹមត្រូវ(បតិវេទ) ដែលមិនខុសពីការបង្រៀនតាមកម្មវិធីសិក្សាដែលប្រើនាពេល  បច្ទុប្បន្ន​ដែលមានបំណងអោយសិស្សប្តូរព្រឹត្តិកម្មក្រោយពេលរៀនហើយយ៉ាងតិច៣ផ្នែក ដូចជា ចំណេះដឹង ជំនាញ និងអាកប្បកិរិយា។

ឧបករណ៏សម្រាប់បង្រៀន

ព្រះសម្មាសម្ពុទ្ធមិនមានយកឧបករណ៍បង្រៀនជាប់ព្រះកាយនោះទេ តែព្រះអង្គបានប្រើប្រាស់វត្ថុពិតឬវត្ថុដែលមាននៅក្នុងធម្មជាតិដូចជា ដើមឈើ ស្លឹកឈើ កំណាត់ឈើដែលត្រូវទឹកហូរនាំមកត្រឡោកផ្កាប់ ត្រឡោកផ្ងារ រន្ធកណ្តុរ ហ្វូងគោ ទឹកភ្លៀង រនាស់ ភ្លើង ។ល។ ដើម្បីប្រើធ្វើជាឧបករណ៍សម្រាបើបង្រៀនពេលចាំបាច់។

បើយើងប្រៀបធៀបនឹងឧបករណ៍នៃបង្រៀននាពេលបច្ទុប្បន្ននេះឃើញថា មានឧបករណ៍ច្រើនសន្ធឹកសន្ធាប់ណាស់ដូចជា

  • ប្រភេទបុគ្គល
  • ប្រភេទអគារឬទីកន្លែង
  • ប្រភេទសៀវភៅ
  • ប្រភេទអេឡិចត្រូនិច
  • ប្រភេទធនធានធម្មជាតិនិងបរិស្ថានជុំវិញ

ប៉ុន្តែគេសង្តែតឃើញថា ទោះជាឥឡូវសម្បូរឧបករណ៍យ៉ាងណាក៏ដោយ ប៉ុន្តែបើគ្រូមិនចេះប្រើឧបករណ៍អោយសក្តិសម្យនឹងការបង្រៀនទេ នោះមិនអាចនាំអោយសិស្សរៀនបានល្អនិងមានតម្លៃដែរ។

 

សិល្បះបង្រៀន

សិល្បះក្នុងការបង្រៀនរបស់ព្រះអង្គគឺត្រូវបានសង្ខេបសរុបរួមមាន២លក្ខណះគឺ ការប្រើសិល្ប៍វិធីក្នុងការបង្រៀន និង ការ​ប្រើយុទ្ធសាស្ត្រក្នុងការបង្រៀន

  • ការប្រើសិល្ប៍វិធីក្នុងការបង្រៀន ឬសិល្បះបង្រៀន

ប្រះអង្គប្រើសិល្បះបង្រៀនដោយការ ទេសនាឬអធិប្បាយ ពេលដែលស្តាប់ពាក្យប្រៀនប្រដៅហើយនឹងទទួលបានលទ្ធផលមិនតិចជាង៤ប្រការឡើយគឺយល់បានច្បាស់មើលឃើញតម្លៃ មានកម្លាំងចិត្ត និងស្រស់ស្រាយដោយអស់ការសង្ស័យ (ភាពច្បាស់លាស់ ជំរុញចិត្ត ក្លាហាន និងត្រេចអរ)

  • ការប្រើយុទ្ធសាស្ត្រក្នុងការបង្រៀន

ព្រះអង្គប្រើយុទ្ធសាស្ត្របង្រៀនមិនតិចជាង៨ប្រការឡើយ គឺ

  • ស្គាល់បុគ្គលដែលត្រូវបង្រៀន
  • ជ្រើសរើសយកធម៌ដែលសក្តិសមនឹងបុគ្គលម្នាក់
  • បង្រៀនពីរូបធម៌គឺជាអ្វីដែលអាចមើលឃើញ ទៅរកនាមធម៌គឺជាអ្វីដែលមើលមិនឃើញ
  • បង្រៀនពីរឿងងាយទៅរឿងលំបាក
  • បង្រៀនពីអ្វីដែលចេះទៅអ្វីដែលមិនទាន់ចេះ
  • បង្រៀនដោលឲយប្រៀបធៀប ឧបមា-ឧបមេយ្យ
  • បង្រៀនដោយប្រើឧបករណ៍ដែលមាននៅក្នុងធម្មជាតិ
  • បង្រៀនដោយធ្វើជាគំរូអោយមើល។

 

វិធីបង្រៀន

ព្រះអង្គបានប្រើប្រាស់វិធី៥ក្នុងការបង្រៀនដូចជា

  • ប្រើវិធីសន្ទនាគ្នា

វិធីនេះត្រូវបានព្រះអង្គប្រើច្រើនណាស់ ជាពិសេសការសន្ទនាជាមួយនឹងអ្នកដែលនៅមិនទាន់ជឿលើព្រះពិទ្ធសាសនានិងមិនយល់ពីគោលធម៌។ ព្រះអង្គប្រើទាំងជាក្រុមធំនិងក្រុមតូចផងដែរ។

  • ប្រើវិធីអធិប្បាយ

វិធីបង្រៀនដោយការអធិប្បាយរបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គបានសម្តែងធម៌ជារៀងរាល់ថ្ងៃទៅកាន់ ព្រះភិក្ខុសង្ឃ សាវ័ក និងប្រជាបរិស័ទជាច្រើ​ន ក្នុងគោលដៅ​ដើម្បីអោយបានយល់ច្បាស់និងយកទៅបដិបត្តិដើម្បីអោយមានសេចត្តីសុខ ភាពស្ងប់សុខខាងផ្លូវចិត្ត។

  • ប្រើវិធីបញ្ញត្តិ

វិធីនេះព្រះសម្មាសម្ពុទ្ធបានប្រើបង្រៀនពេលដែលព្រះភិក្ខុធ្វើនូវរឿងអ្វីមួយខុសជាលើកដំបូង ឬពេលពាក្យចចាមអារាម ពាក្យនិន្ទា រិះគន់ទៅលើព្រះភិក្ខុអង្គណាមួយ ឬក៏ពេលដែលគេយករឿងមកក្រាបទូលព្រះអង្គ នោះព្រះអង្គនឹងកោះហៅប្រជុំដើម្បីសាកសួរភិក្ខុដែលធ្វើខុសឬសាក្សីនៅក្នុងរឿងនោះ។ នៅពេលដែលសួរដឹងរឿងពិតហើយ ព្រះអង្គនឹងទិទៀន ព្រះភិក្ខុដែលធ្វើខុស ប្រាប់ពីផលអាក្រក់នៃព្រឹត្តិកម្មមិនល្អទាំងនោះនិងផលប្រយោជន៍នៃការប្រព្រឹត្តល្អ ហើយព្រះអង្គនឹងលើកយកធម្មកថាដែលទាក់ទងនឹងរឿងនោះមកត្រាស់សម្តែង។ បន្ទាប់មកព្រះអង្គនឹងពន្យល់ពីមូលហេតុនិងវត្ថុបំណងដែលព្រះអង្គចាំបាច់ត្រូវបញ្ញត្តិជាសិក្ខាបទដោយសុំយោបល់ពីប្រជុំនៃភិក្ខុទាំងឡាយនោះ។

  • ប្រើវិធីឆ្លើយនឹងបញ្ហា (វិធីសួរឆ្លើយ)

ក្នុងការឆ្លើយនឹងបញ្ហារបស់ព្រះអង្គទ្រង់ប្រើវិធីពិចារណាបញ្ហាដែលគេសួរ ហើយទ្រង់បានជ្រើសរើសប្រើវិធីឆ្លើយនឹងបញ្ហាអោយសក្តិសមនឹងសំណួរ។ សំណួរខ្លះព្រះអង្គមិនបានឆ្លើយ តែទ្រង់បានប្រើវិធីសួរត្រលប់ទៅកាន់គូសន្ទនាវិញ។ វិធីឆ្លើយរបស់ព្រះសម្មាសម្ពុទ្ធមានទាំងអស់៤លក្ខណះដូចជា

  • ព្រះអង្គឆ្លើយនឹងបញ្ហាដោយត្រង់ៗ
  • ព្រះអង្គសួរមកវិញហើយទើបឆ្លើយជាក្រោយ
  • ព្រះអង្គចែកចម្លើយទៅតាមរឿងឬតាមចំណុចនីមួយៗ
  • ព្រះអង្គមិនឆ្លើយហើយនាំចូលទៅកាន់រឿងដែលព្រះពុទ្ធនឹងអធិប្បាយជាបន្តទៀត។
  • ប្រើវិធីបង្រៀនដោយទ្រង់ធ្វើអោយមើលជាគំរូ

ការធ្វើអោយមើលជាគំរូរបស់ព្រះសម្មាសម្ពុទ្ធដែលមើលឃើញច្បាស់គឺតួនាទីដែលព្រះអង្គបដិត្តិជាប្រចាំ ដូចជា ព្រះឥរិយាបទក្នុងការប្រព្រឹត្តអ្វីមួយដោយសង្រួមនិងល្អគ្រប់ឥរិយាបទ មិនថាស្ថិតក្នុងឥរិយាបទណាក៏ដោយ។ ការបដិបត្តិខ្លួនដែលទន់ភ្លន់ជានិច្ចជាមួយនឹងមនុស្សគ្រប់គ្នាដែលមានឧកាសបានធ្វើបដិសណ្ឋារកិច្ចនៅក្នុងការទេសនា និងការឆ្លើយសំណួរទៅកាន់អ្នកដែលមិនយល់ ឬសូម្បីតែការសួរដើម្បីសាកល្បងចំណេះដឹង ក៏ទ្រង់ធ្វើជាគំរូក្នុងការឆ្លើយសំណួរទាំងនោះប្រកបដោយហេតុផល ដោយមិនប្រើអារម្មណ៍តតបឡើយ។

ការវាយតម្លៃលទ្ធផល

តាមការសិក្សានិងវិភាគជារួមមក គេអាចវាយតម្លៃ​បានថា ព្រះអង្គគ្មានឧបករណ៍វាយតម្លៃលទ្ធផលដូចបច្ចុប្បន្ននេះទេ។ យើងអាចសរុបវិធីវាយតម្លៃលទ្ធផលការបង្រៀនរបស់ព្រះអង្គបាន៣ផ្នែក ដូចជា

  • ផ្នែកវាយតម្លៃលទ្ធផលដោយព្រះអង្គឯង

ដោយវិធីសង្កេតព្រឹត្តិកម្មនិងវាយតម្លៃលទ្ធផលដោយការត្រាស់ដឹងរបស់ព្រះអង្គ។

  • ផ្នែកវាយតម្លៃលទ្ធផលដោយសិស្សខ្លួនឯងផ្ទាល់

ថាតើខ្លួនឯងបានយល់ច្បាស់កម្រិតណា? បើមានចំណុចសង្ស័យ​ មិនច្បាស់ត្រង់ណា ព្រះអង្គនឹងបើកឧកាសអោយសិស្សសួររហូតដល់អស់ចម្ងល់​ ហើយនឹងអាចវាយតម្លៃបានថា តើសិស្សម្នាក់នោះយល់ច្បាស់និងអាចយកទៅបដិបត្តិបានឬទេ។​

  • ផ្នែកអោយសិស្សវាយតម្លៃលទ្ធផលគ្នាឯង

ដោយបើកឧកាសអោយសិស្សមើលកំហុសគ្នាទៅវិញទៅមក សូម្បីតែព្រះអង្គផ្ទាល់ ក៏បើកឧកាសសាវ័កព្រះអង្គរិះគន់ព្រះអង្គដែរ។

 

SalaKhmer

0 responses on "ព្រះបរមគ្រូនៃការអប់រំ"

Leave a Message

Your email address will not be published. Required fields are marked *

អំពីសាលាខ្មែរ

សាលាខ្មែរ​គឺ​ជា​សហគមន៍​មួយ​ដែល​ផ្ដោត​លើ​ការសិក្សា និង​ការ​ចែករំលែក​ចំណេះដឹង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទៅ​កាន់​ប្រ​ជា​ជន​​ខ្មែរ​ទូទៅ ដើម្បី​ធានា​ថា​ការអប់រំ​សម្រាប់​​ប្រ​ជា​ជន​​ខ្មែរ​​គឺ​មាន​ភាព​ងាយ​ស្រួល​អាច​ធ្វើ​បាន​គ្រប់​ទី​កន្លែង គ្រប់ពេលវេលា និង​ទទួល​ប្រសិទ្ធភាព​ខ្ពស់។

សាលាខ្មែរ៖ សហគមន៍សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ល្អ​ផ្តាច់​គេ​

វគ្គសិក្សាពេញនិយម

អ្នកនៅលើបណ្តាញ

There are no users currently online
top
រក្សាសិទ្ធគ្រប់យ៉ាងដោយ © សាលាខ្មែរ  
X