
យើងដឹងហើយថា Google ជាក្រុមហ៊ុនបច្ចេកវិទ្យាធំមួយក្នុងពេលបច្ចុប្បន្ន ហើយកម្មវិធីជាច្រើនដែលយើងកំពុងតែប្រើប្រាស់គឺសុទ្ធសឹងតែជាផលិតផលរបស់ក្រុមហ៊ុនយក្សមួយនេះ។ ពេលនេះ យើងទៅមើលថាក្រុមហ៊ុនធំមួយនេះ មានកម្មវិធីអ្វីខ្លះសម្រាប់ជំនួយដល់ការអប់រំ។ យើងនឹងលើក។យកកម្មវិធីទាំង ១០របស់ក្រុមហ៊ុនGoogle ដែលគេឱ្យឈ្មោះថា G Suite for Education។
1. Gmail
ជឿជាក់ថាអ្នកពិតជាស្គាល់វាច្បាស់ហើយ ហើយក៏តែងតែប្រើប្រាស់វាដែរ។ វាត្រូវបានក្រុមហ៊ុន Google ដាក់ឱ្យប្រើប្រាស់ប្រមាណ ១៥ឆ្នាំមកហើយ។ មុខងារសំខាន់នោះគឺសម្រាប់ទំនាក់ទំនងគ្នាតាមរយៈសារអេឡិចត្រូនិក។ បន្ថែមពីលើនេះ នៅលើអ៊ីនធឺណិត អ៊ីម៉ែលគឺដូចជាស្ពានដើម្បីចម្លងយើងទៅកាន់ផ្នែកផ្សេងៗទៀតចឹង ពោលគឺយើងតែងតែប្រើប្រាស់វាជានិច្ច នៅពេលដែលយើងចង់ទៅចុះឈ្មោះជាមួយនឹងកម្មវិធី ឬវេបសាយផ្សេងទៀត។
2. Google Drive
កម្មវិធីនេះ គឺក្រុមហ៊ុនGoogle ផ្ដល់ជូនអ្នកដោយស្វ័យប្រវត្តិនៅពេលអ្នកចុះឈ្មោះប្រើប្រាស់ Gmail។ អ្នកនឹងទទួលបាន 15 GB សម្រាប់ផ្ទុកឯកសារផ្សេងៗ ដែលងាយស្រួលឱ្យអ្នកអាចទាញវាយកមកប្រើប្រាស់បានគ្រប់ពេលវេលា គ្រប់ទីកន្លែងបានយ៉ាងងាយ។
3. Google Classroom
គឺបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០១៤ ពោលគឺកាលពី៦ឆ្នាំមុន។ កម្មវិធីនេះគឺជួយការរៀន និងបង្រៀនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ ក្នុងការគ្រប់គ្រង និងការទំនាក់ទំនងជាដើម។
4. Google Calendar
អនុញ្ញាតឱ្យអ្នកប្រើប្រាស់ភ្ជាប់ប្រតិទិននៅក្នុង Google Classroom ទៅនិងប្រតិទិនរបស់ខ្លួន ហើយអាចជួយរម្លឹកអ្នកប្រើប្រាស់ពីកាលកំណត់នៃកិច្ចការនីមួយៗ។
5. Google Docs, Slides, Sheets
ស្រដៀងទៅនឹងកម្មវិធី Microsoft Office របស់ក្រុមហ៊ុន Microsoft ដែរ តែវាជា Web-based Software មានន័យថាដំណើរការលើវេបសាយ ហើយត្រូវការអ៊ីនធឺណិតដើម្បីអាចប្រើប្រាស់បាន។ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតឯកសារផ្សេងៗ ហើយរក្សាទុកនៅក្នុង Google Drive របស់អ្នក និងផ្ទុកឡើងទៅក្នុង Google Classroom បានយ៉ាងងាយស្រួល។ ចំណុចពិសេសនោះគឺកម្មវិធីទាំងនេះអនុញ្ញាតឱ្យមនុស្សច្រើននាក់ធ្វើការក្នុងឯកសារតែមួយ ក្នុងពេលតំណាលគ្នា។
6. Google Form
ជាកម្មវិធីមួយ ដែលអាចជួយអ្នកក្នុងការគ្រប់គ្រងការបង្កើតការស្ទង់មតិផ្សេងៗតាមប្រព័ន្ធអេឡិចត្រូនិក។ ជាមួយនឹងទម្រង់នេះអ្នកអាចបង្កើតនិងវិភាគការស្ទង់មតិបានយ៉ាងត្រឹមត្រូវបានយ៉ាងងាយស្រួលដោយមិនចាំបាច់មានកម្មវិធីពិសេសអ្វីផ្សេងទៀត។ អ្នកនឹងទទួលបានលទ្ធផលភ្លាមៗនៅពេលអ្នកឆ្លើយតបបានបំពេញ ហើយបញ្ជូនត្រលប់មកអ្នកវិញ។ ហើយអ្នកក៏អាចសង្ខេបនូវលទ្ធផលនៃការស្ទង់មតិទាំងនោះបានភ្លាមៗតាមរយៈការទាញយកទម្រង់ជា Excel ឬប្រើប្រាស់ក្រាប និងគំនូសតាងដែលមានស្រាប់។
7. Google Jamboard
ជាកម្មវិធីមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់សរសេរពាក្យផ្សេងៗហើយរៀបចំពាក្យទាំងនោះឱ្យទៅជាផែនទីគំនិត ដែលមើលទៅហាក់មានភាពទាក់ទាញនិងងាយស្រួលយល់។ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជាច្រើនអ្នកប្រើប្រាស់ក្នុងពេលជាមួយគ្នាបាន ហើយអាចទាញយកអ្វីដែលបានធ្វើជាប្រភេទឯកសារបានយ៉ាងងាយស្រួល។
8. Google Hangout
ជាកម្មវិធីមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការភ្ជាប់ទំនាក់ទំនងជាមួយគ្នាតាមរយៈការហៅជាវីដេអូនិងផ្ញើសារដែលមានសុវត្ថិភាពដើម្បីបន្តការរៀនសូត្របើទោះបីជាគ្រូនិងសិស្សនៅទីកន្លែងផ្សេងគ្នាក៏ដោយ។
9. Google Group
ជាកម្មវិធីមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតនិងចូលរួមក្នុងវេទិកាផ្សេងៗដែលទាក់ទងទៅនឹងមេរៀន ឬការងារស្រាវជ្រាវផ្សេងៗ ដើម្បីជំរុញការទំនាក់ទំនងនិងការសន្ទនា។ សមាជិកក្នុងក្រុមអាចសរសេរនូវសំណួរផ្សេងៗនៅក្នុងវេទិកានោះ ហើយសមាជិកផ្សេងទៀតហើយជួយឆ្លើយតបបាន តាមរយៈការសរសេរ។
10. Google Sites
ជាកម្មវិធីមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ បង្កើតគេហទំព័របានយ៉ាងងាយស្រួលដែលនៅក្នុងគេហទំព័រនោះ អ្នកអាចប្រើដើម្បីបង្ហាញពីកម្មវិធីសិក្សាសិក្សា បង្ហាញពីខ្លឹមសារនៃមេរៀនផ្សេងៗ ហើយក៏អាចឱ្យសិស្សប្រើប្រាស់ដើម្បីបង្កើនជំនាញអភិវឌ្ឍន៍និងបញ្ចេញភាពច្នៃប្រឌិតរបស់ពួកគេផងដែរ។
តាមរយៈការស្គាល់ពីកម្មវិធីទាំងនេះ អ្នកអាចសាកល្បងស្វែងយល់ពីវាឱ្យកាន់តែច្បាស់ និងប្រើប្រាស់វាទៅតាមតម្រូវការជាក់ស្ដែងរបស់អ្នក ដើម្បីជួយគាំទ្រការរៀន និងបង្រៀន។
0 responses on "តោះ! មកមើលកម្មវិធីទាំង១០ របស់ក្រុមហ៊ុន Google សម្រាប់ការអប់រំ"