
សម្រាប់និស្សិតដែលកំពុងរៀននៅថ្នាក់ឧត្ដមសិក្សា ការស្រាវជ្រាវជារឿងមួយដែលនាំឱ្យពួកគេឈឺក្បាល និងស្ត្រេសខ្លាំងបំផុត។ កិច្ចការមួយនេះ ត្រូវធ្វើឡើងជាច្រើនដំណាក់កាល ហើយគ្រប់ដំណាក់កាលទាំងអស់គឺត្រូវមានភាពច្បាស់លាស់ និងមានហេតុផលក្នុងការបកស្រាយ។
ជាទូទៅ សាលាភាគច្រើនតម្រូវឱ្យនិស្សិតការពារគម្រោងស្រាវជ្រាវ ឬសំណើស្រាវជ្រាវ (Research Proposal) មុនអនុញ្ញាតឱ្យនិស្សិតបន្តកិច្ចការនេះទៅមុខទៀត។ ហេតុផលដែលតម្រូវឱ្យនិស្សិតធ្វើការការពារគម្រោងស្រាវជ្រាវគឺដើម្បីធានាថាកិច្ចការស្រាវជ្រាវរបស់ពួកគេគឺ មានភាពច្បាស់លាស់ អាចធ្វើទៅបាន មានសារប្រយោជន៍ និងមានក្រមសីលធម៌ត្រឹមត្រូវដោយគោរពទៅតាមគោលការណ៍នៃការស្រាវជ្រាវ។ ការការពារគម្រោងស្រាវជ្រាវ ប្រហែលជាឧបសគ្គសម្រាប់និស្សិតមួយចំនួនធំំ ដោយសារនេះប្រហែលជាលើកដំបូងរបស់ពួកគេក្នុងការយកកិច្ចការរបស់ពួកគេទៅធ្វើបទបង្ហាញមុខគណៈកម្មការ ហើយព្យាយាមលើកហេតុផលពីចំណុចខ្លាំងរបស់ការស្រាវជ្រាវរបស់គេ។
ខាងក្រោមនេះជាគន្លឹះមួយចំនួនក្នុងការត្រៀមខ្លួនដើម្បីការពារគម្រោងស្រាវជ្រាវ៖
១. ប្រៀបធៀបគម្រោងស្រាវជ្រាវទៅនឹងផលិតផលដល់ល្អមួយ ហើយប្រៀបធៀបគណៈកម្មការដូចជាអតិថិជន ហើយយើងជាអ្នកលក់ផលិតផលមួយនោះ
សូមចាត់ទុកគម្រោងស្រាវជ្រាវរបស់ខ្លួនដូចទៅនឹងផលិតផលដល់ល្អមួយដែលយើងជាអ្នកលក់វា ហើយពេលនេះជាពេលដែលយើងត្រូវបញ្ចុះបញ្ចូលឱ្យអតិថិជនទិញយកវាដោយភាពជឿជាក់។ ជាទូទៅ ដើម្បីឱ្យអតិថិជនជឿជាក់លើផលិតផលនោះបាន លុះត្រាតែវាជាផលិតផលល្អ ផ្តល់ប្រយោជន៍ដល់អ្នកប្រើប្រាស់ និងមិនមានផលប៉ះពាល់ផ្សេង។
២. បង្ហាញពីភាពខ្លាំងរបស់កិច្ចការស្រាវជ្រាវរបស់ខ្លួនទៅកាន់គណៈកម្មការ ដោយផ្ដល់ហេតុផលជាក់លាក់ និងសមស្របទៅតាមលក្ខណៈវិទ្យាសាស្ត្រ
ត្រូវបង្ហាញពីភាពច្បាស់លាស់នៃការស្រាវជ្រាវ តាមរយៈការបង្ហាញឱ្យឃើញច្បាស់នូវបញ្ហាស្រាវជ្រាវ គោលបំណង សំណួរស្រាវជ្រាវ និងវិធីសាស្ត្រស្រាវជ្រាវ។ បញ្ហាស្រាវជ្រាវត្រូវផ្អែកលើទ្រឹស្ដីផ្សេងៗ ចន្លោះប្រហោងនៃការសិក្សាពីមុន ក៏ដូចជាបទពិសោធន៍ផ្ទាល់របស់អ្នកស្រាវជ្រាវ ហើយជាបញ្ហាដែលមិនអាចនឹងត្រូវបានដោះស្រាយដោយងាយៗ ដែលទាមទារឱ្យមានការសិក្សាជាលក្ខណៈវិទ្យាសាស្រ្តក្នុងការស្រាយបញ្ជាក់។ សំណួរស្រាវជ្រាវវិញត្រូវមានភាពច្បាស់លាស់ ហើយអាចឆ្លើយតបបានតាមរយៈវិធីសាស្ត្រស្រាវជ្រាវណាមួយ។ ចំណែកវិធីសាស្ត្រស្រាវជ្រាវវិញ ត្រូវបង្ហាញឱ្យបានច្បាស់លាស់ ដោយភ្ជាប់ជាមួយហេតុផលថាវាជាវិធីសាស្ត្រដែលសមស្របបំផុតសម្រាប់ឆ្លើយតបគោលបំណងរបស់ការស្រាវជ្រាវអ្នក ហើយអ្នកពិតជាអាចសម្រេចវាបានក្នុងពេលកំណត់ណាមួយ គួបផ្សំជាមួួយធនធានដែលអ្នកមាន។
៣. បង្ហាញពីផែនការ និងភាពរួចរាល់របស់អ្នកទៅកាន់គណៈកម្មការ
អ្វីដែលគណៈកម្មការចង់ឃើញបំផុតនោះគឺភាពរួចរាល់របស់អ្នកក្នុងការធ្វើកិច្ចការមួយនេះ។ ដូចនេះសូមអ្នកបង្ហាញពីផែនការរបស់អ្នកក្នុងការធ្វើការស្រាវជ្រាវ ក៏ដូចជាអ្វីដែលអ្នកបានត្រៀមដើម្បីឆ្លើយតបជាមួយនឹងបញ្ហាក្នុងពេលដែលអ្នកធ្វើការស្រាវជ្រាវ។ និយាយឱ្យស្រួលស្ដាប់ថាតើអ្នកអាចធ្វើការស្រាវជ្រាវនេះបានទេប្រសិនគេអនុញ្ញាតឱ្យអ្នកចាប់ផ្ដើមធ្វើវា។ ឧទាហរណ៍៖ អ្នកមានឧបករណ៍ស្រាវជ្រាវច្បាស់លាស់ដែលអាចឆ្លើយតបគោលបំណង អ្នកបានរៀបចំនីតិវិធីច្បាស់លាស់ក្នុងការចុះប្រមូលទិន្នន័យ អ្នកយល់ពីរបៀបដែលត្រូវប្រើប្រាស់ក្នុងការវិភាគទិន្នន័យជាដើម។
៤. ជំនាញក្នុងការធ្វើបទបង្ហាញ (រៀបចំបទបង្ហាញ គ្រប់គ្រងពេលវេលា ឆ្លើយតបនឹងសំណួរ)
ទោះបីអ្នកមានចំណុចដែលបានរៀបរាប់ខាងលើក៏ដោយ ជំនាញក្នុងការធ្វើបទបង្ហាញគឺជាជំនាញដែលចាំបាច់បំផុតនៅពេលការពារគម្រោងស្រាវជ្រាវរបស់អ្នក។ រៀបចំស្លាយរបស់អ្នកឱ្យបានស្អាត មានរបៀបរបប ងាយស្រួលមើល និងងាយស្រួលក្នុងការធ្វើបទបង្ហាញទៅកាន់គណៈកម្មការ។ ត្រូវចាំថាអ្នកមិនមែនគ្រាន់តែទៅអានពាក្យដែលមាននៅលើស្លាយទេ គឺអ្នកត្រូវធ្វើការពន្យល់ខ្លឹមសារដែលមាននៅលើស្លាយរបស់អ្នក។ បន្ថែមពីលើនេះ សូមប្រើប្រាស់ពេលវេលាដែលបានផ្ដល់ជូនឱ្យបានត្រឹមត្រូវ (ប្រសិនបើ ១៥នាទីសម្រាប់ធ្វើបទបង្ហាញ សូមប្រើប្រាស់ត្រឹម១៥នាទីនោះ)។ ប្រសិនបើអ្នកប្រើប្រាស់ពេលវេលាលើសពេលកំណត់ អ្នកប្រហែលមិនមានឱកាសក្នុងការបង្ហាញខ្លឹមសារសំខាន់ក្នុងគម្រោងស្រាវជ្រាវឡើយ។ ចុងក្រោយនោះគឺការឆ្លើយតបជាមួយនឹងសំណួររបស់គណៈកម្មការ ដែលពួកគាត់អាចនឹងសួរដើម្បីស្វែងយល់ពីគម្រោងស្រាវជ្រាវរបស់អ្នកឱ្យកាន់តែច្បាស់។ សូមស្ដាប់សំណួរឱ្យបានច្បាស់មុនពេលឆ្លើយតប និងសូមឆ្លើយតបដោយមានភាពជឿជាក់ ជាមួយនឹងការផ្ដល់ហេតុផលឱ្យបានច្បាស់លាស់ និងសមស្របបំផុត។ ការហាត់សមក៌អាចជួយអ្នកបានច្រើនក្នុងការពង្រឹងលើជំនាញនៃការធ្វើបទបង្ហាញ ការគ្រប់គ្រងពេលវេលា ក៏ដូចជាការត្រៀមខ្លួនក្នុងការឆ្លើយតបជាមួយនឹងសំណួរដែរ។
៥. បង្ហាញពីភាពស្មោះត្រង់របស់អ្នក
គោលបំណងនៃការការពារគម្រោងស្រាវជ្រាវគឺដើម្បីធានាពីភាពរួចរាល់របស់អ្នកនៅក្នុងការធ្វើកិច្ចការមួយនេះ។ ទន្ទឹមនឹងនេះ ក៏ដើម្បីផ្តល់យោបល់ ឬការណែនាំដល់អ្នកក្នុងការយកទៅបំពេញបន្ថែមលើកិច្ចការស្រាវជ្រាវរបស់ផងដែរ។ ដូចនេះ អ្នកអាចបង្ហាញពីភាពស្មោះត្រង់របស់អ្នកប្រសិនបើអ្នកមិនច្បាស់លើចំណុចណា ហើយអ្នកក៏អាចសុំយោបល់ពីគណៈកម្មការដោយត្រង់ៗថាតើអ្នកគួរធ្វើយ៉ាងណាដើម្បីអាចធ្វើឱ្យការស្រាវជ្រាវអ្នកបានជោគជ័យ។
0 responses on "គន្លឹះដើម្បីឱ្យទទួលបានជោគជ័យក្នុងការការពារគម្រោងស្រាវជ្រាវ"