
ដោយសារតែការរាតត្បាតនៃជំងឺកូរ៉ូណា (កូវីត ១៩) នៅដើមឆ្នាំ ២០២០នេះ សាលារៀននៅតាមបណ្ដាប្រទេសជាច្រើនបានបិទទ្វារ។ សាលារៀនមួយចំនួនជាពិសេសនៅថ្នាក់ឧត្ដមសិក្សា បានចាប់ផ្ដើមប្រើប្រាស់ការបង្រៀនតាមប្រព័ន្ធអ៊ីនធឺណិត។ ការផ្លាស់ប្ដូរនេះ ប្រហែលជាអាចធ្វើឱ្យគ្រូបង្រៀនមួយចំនួនធំជួបការលំបាក ដោយត្រូវផ្លាស់ប្ដូរវិធីក្នុងការបង្រៀនភ្លាមៗដោយមិនបានត្រៀមខ្លួនជាមុន។ ខាងក្រោមនេះ ជាចំណុចមួយចំនួនដែលអាចជួយអ្នកបានប្រសិនបើអ្នកជាគ្រូបង្រៀនថ្មីថ្មោងតាមប្រព័ន្ធអ៊ីនធឺណិត។
១. ស្វែងយល់ពីជម្រើសផ្សេងៗនៃប្រព័ន្ធបច្ចេកវិទ្យា
ជាដំបូង អ្នកត្រូវតែជជែកនៅក្នុងសាលារបស់អ្នក ថាតើសាលារបស់អ្នកតម្រូវឱ្យអ្នកប្រើកម្មវិធីអ្វីសម្រាប់ផ្ដល់វគ្គសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត។ ប្រើសិនបើអ្នកអាចរួមចំណែកចូលរួមក្នុងការជ្រើសរើស ឬសម្រេចចិត្តដោយខ្លួនឯងក្នុងការជ្រើសរើស មានកម្មវិធីជាច្រើនដែលអ្នកអាចពិចារណាបាន
ក. ប្រព័ន្ធគ្រប់គ្រងការសិក្សា ឬ Learning Management System (ឧ. Canvas, Blackboard, …)
ខ. កម្មវិធីជំនួយក្នុងការសរសេរ (ឧ. Google Docs, Google Slide, …)
គ. កម្មវិធីសម្រាប់ជជែកគ្នាតាមអនឡាញ (ឧ. Zoom, Google Hangout, …)
អ្នកប្រហែលជាត្រូវពិចារណាទៅលើលទ្ធភាពប្រសិនបើសាលារបស់អ្នកអាចចំណាយក្នុងការទិញយកកម្មវិធីនោះមកប្រើប្រាស់ ឬជ្រើសរើសកម្មវិធីដែលមិនតម្រូវឱ្យបង់ប្រាក់យកមកប្រើ។ បន្ថែមពីលើនេះ អ្នកគួរជ្រើសរើសកម្មវិធីដែលអ្នកស្ទាត់ជំនាញក្នុងការប្រើប្រាស់។
២. រៀបចំកម្មវិធីសិក្សារបស់អ្នកឱ្យទៅជាទម្រង់ដែលអាចប្រើប្រាស់សម្រាប់ការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតបាន
នៅពេលផ្លាស់ប្ដូរពីការបង្រៀននៅក្នុងថ្នាក់ មកជាការបង្រៀនពីចម្ងាយតាមអ៊ីនធឺណិត ការរៀបចំកម្មវិធីសិក្សារបស់អ្នកក៏នឹងត្រូវកែសម្រួលដើម្បីឱ្យស្របទៅនឹងប្រព័ន្ធដែលអ្នកប្រើប្រាស់។
ក. ជ្រើសរើសវិធីសាស្ត្របង្រៀនឱ្យបានសមស្របដែលអាចជំរុញលើកទឹកចិត្តសិស្សរបស់អ្នក
ខ. អនុញ្ញាតឱ្យសិស្សរបស់អ្នកបញ្ចេញយោបល់ ឬសួរសំណួរផ្សេងៗ ជាពិសេសអ្នកដែលមិនសូវសកម្មនៅក្នុងថ្នាក់
គ. បង្ហាញឱ្យបានច្បាស់ពីចំណុចសំខាន់ និងចំណុចបន្ទាប់បន្សំនៅក្នុងវគ្គសិក្សារបស់អ្នក
ឃ. រៀបចំ ឬបម្លែងសម្ភារៈឧទ្ទេសនៅក្នុងវគ្គសិក្សារបស់អ្នកឱ្យស្របតាមប្រព័ន្ធដែលអ្នកប្រើ (ឧ. ការប្រើប្រាស់វីដេអូ ការប្រើប្រាស់រូបភាព ការប្រើប្រាស់សំឡេង ការប្រើប្រាស់អក្សរជាដើម)។
៣. គិតពីវិធីសាស្ត្រផ្សេងៗដែលអាចជួយសម្របសម្រួលនិងជំរុញទឹកចិត្តអ្នកសិក្សាជាមួយអ្នក
ការប្រឈមនៅក្នុងការសិក្សាពីចម្ងាយ ឬសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតនោះគឺ ការជំរុញការយកចិត្តទុកដាក់សិស្សរបស់អ្នកឱ្យយកចិត្តទុកដាក់លើការសិក្សា។ សាកល្បងប្រើប្រាស់ចំណុចទាំងនេះ ហើយតាមដានមើលលទ្ធផល
ក. លើកទឹកចិត្តសិស្សរបស់អ្នកឱ្យប្រើប្រាស់ Webcam
ខ. គិតពីការប្រើប្រាស់ឧបករណ៍ផ្សេងទៀតនៃកម្មវិធីដែលអ្នកប្រើក្នុងគោលបំណងជម្រុញឱ្យមានការចូលរួម និងយកចិត្តទុកដាក់ (ឧ. បង្ហាញអេក្រង់ពេលធ្វើបទបង្ហាញ អាចសួរសំណួរបានតាមសំឡេង ក៏ដូចជាការសរសេរជាដើម)
គ. ថត និងចែករំលែកវីដេអូសម្រាប់ការប្រើប្រាស់ពេលក្រោយ
ឃ. ជ្រើសរើសដោយចៃដន្យសម្រាប់ការសួរ និងឆ្លើយសំណួរនៅក្នុងម៉ោងសិក្សា
គ. គួរតែមានការសម្រាករយៈពេលខ្លី នៅក្នុងរៀងរាល់ ១ម៉ោង ទៅ១ម៉ោងកន្លះ
៤. ចាប់ផ្ដើមអនុវត្តនិងកែលំអជាប្រចាំ
នៅពេលដែលអ្នកបានត្រៀមខ្លួនរួចរាល់ នេះគឺជាពេលដែលអ្នកអាចចាប់ផ្ដើមបង្រៀនបានហើយ។ អ្នកគួរពិចារណាលើចំណុចទាំងនេះ
ក. ពិនិត្យមើលលើការប្រើប្រាស់កម្មវិធីទាំងនោះដោយយកចិត្តទុកដាក់ ថាតើអ្វីដែលដំណើរការបានល្អហើយ និងអ្វីដែលត្រូវពង្រឹងបន្ថែមទៀត?
ខ. ពិនិត្យមើលការចូលរួមរបស់សិស្ស ថាតើពួកគេចូលរួមដូចនៅក្នុងថ្នាក់រៀនដែរឬទេ?
គ. ពិនិត្យមើលគោលបំណងនៃវគ្គសិក្សារបស់អ្នក ថាតើសិស្សរបស់អ្នកធ្វើវាបានជោគជ័យដែរឬទេ?
ឃ. អ្នកអាចសាកសួរយោបល់ពីសិស្សរបស់អ្នក ទៅលើការប្រើប្រាស់កម្មវិធីជំនួយ វិធីសាស្ត្របង្រៀន ក៏ដូចជាចំណាប់អារម្មណ៍ជាទូទៅរបស់គេលើការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតនេះ
0 responses on "តើគួរធ្វើដូចម្ដេចដើម្បីឱ្យការបង្រៀនតាមប្រព័ន្ធអ៊ីនធឺណិតមានប្រសិទ្ធភាព?"