តោះ! មក​ស្គាល់ពី Google Classroom ​ទាំងអស់​គ្នា

បច្ចេកវិទ្យាកាន់តែទំនើបហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយស្ទើរគ្រប់វិស័យទាំងអស់ ដែលក្នុងនោះវិស័យអប់រំត្រូវបានផ្លាស់ប្ដូរមុខមាត់យ៉ាងខ្លាំងក្នុងយុគសម័យបច្ចេកវិទ្យានេះ។ ថ្ងៃនេះ យើងសុំលើកយកកម្មវិធីមួយមកធ្វើការណែនាំដល់អ្នកទាំងអស់គ្នា ជាពិសេសលោកគ្រូអ្នកគ្រូ។

Google Classroom គឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Google និងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០១៤ ពោលគឺកាលពី៦ឆ្នាំមុន។ វាត្រូវបានដាក់ឱ្យប្រើប្រាស់ដោយសេរី តាំងពីពេលដែលដាក់ចេញឱ្យប្រើប្រាស់ដំបូង រហូតមកដល់បច្ចុប្បន្ននេះ។ កាលពីដំបូងវាត្រូវបានបង្កើតជាលក្ខណៈវេបសាយ (Web Service) ដោយមិនទាន់បានអភិវឌ្ឍជាកម្មវិធីសម្រាប់ប្រើប្រាស់លើប្រព័ន្ធប្រតិបត្តិការលើទូរស័ព្ទដូចជា Android IOS នោះទេ។ ក្រោយមកក្រុមហ៊ុនធំមួយនេះបានដាក់ចេញឱ្យប្រើប្រាស់កម្មវិធី Google Classroom នៅលើទូរស័ព្ទ នឹងថេបប្លែតបាន។

មុខងារផ្សេងៗនៅក្នុង Google Classroom នោះគឺការគ្រប់គ្រងការងារផ្សេងៗនៅក្នុងការរៀន និងបង្រៀនដូចនៅក្នុងថ្នាក់ធម្មតាដែរ។

  • អនុញ្ញាតឱ្យគ្រូដាក់ការងារផ្សេងៗឱ្យសិស្សធ្វើដោយមានកាលកំណត់ច្បាស់លាស់

  • អនុញ្ញាតឱ្យគ្រូកែកិច្ចការទាំងនោះ ផ្ដល់ជាយោបល់ត្រលប់ផ្សេងៗ និងដាក់ពិន្ទុបាននៅក្នុងនោះតែម្តង

  • អនុញ្ញាតឱ្យគ្រូបង្កើតប្រធានបទផ្សេងៗស្របតាមមេរៀនរបស់ខ្លួន និងផ្ទុកឡើងនៅឯកសារមេរៀនផ្សេងៗតាមប្រធានបទទាំងនោះ

  • ផ្ញើអ៊ីម៉ែលមកអ្នកប្រើប្រាស់ (ទាំងគ្រូ និងសិស្ស) អំពីសកម្មភាពផ្សេងៗនៅក្នុងកម្មវិធី (ពេលសិស្សផ្ញើកិច្ចការមក ពេលសិស្សឆ្លើយតបទៅនឹងសំណួរ ឬយោបល់ត្រលប់ផ្សេងៗជាដើម)

  • គ្រូអាចតាមដាន និងពិនិត្យមើលព័ត៌មានអំពីសិស្សទាំងទងទៅនឹងការប្រគល់កិច្ចការមិនទាន់ពេលវេលា

  • មាន Dashboard ដែលរក្សាទុក និងបង្ហាញពីពិន្ទុដែលបានដាក់ឱ្យសិស្សម្នាក់ៗតាមកិច្ចការនីមួយៗ

  • អ្វីដែលពិសេសនោះគឺ គណនីគ្រូម្នាក់អាចបង្កើតថ្នាក់រៀនបានជាច្រើន ហើយគណនីសិស្សម្នាក់ក៏អាចចូលទៅក្នុងថ្នាក់រៀនបានជាច្រើនដូចគ្នា។

កម្មវិធីនេះ ក៏បានភ្ជាប់មកនៅមុខងារផ្សេងៗទៀតជាច្រើនសម្រាប់ឱ្យអ្នកប្រើប្រាស់មានភាពងាយស្រួល ដែលក្នុងនោះមានដូចជា៖

  • កម្មវិធី Google Calendar អនុញ្ញាតឱ្យអ្នកប្រើប្រាស់ភ្ជាប់ប្រតិទិននៅក្នុង Google Classroom ទៅនិងប្រតិទិនរបស់ខ្លួន ហើយអាចជួយរម្លឹកអ្នកប្រើប្រាស់ពីកាលកំណត់នៃកិច្ចការនីមួយៗ។

  • កម្មវិធី Google Docs, Google Slide, Google Sheet ស្រដៀងទៅនឹងកម្មវិធី Microsoft Office របស់ក្រុមហ៊ុន Microsoft ដែរ តែវាជា Web-based Software មានន័យថាដំណើរការលើវេបសាយ ហើយត្រូវការអ៊ីនធឺណិតដើម្បីអាចប្រើប្រាស់បាន។ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតឯកសារផ្សេងៗ ហើយរក្សាទុកនៅក្នុង Google Drive របស់អ្នក និងផ្ទុកឡើងទៅក្នុង Google Classroom បានយ៉ាងងាយស្រួល។ ចំណុចពិសេសនោះគឺកម្មវិធីទាំងនេះអនុញ្ញាតឱ្យមនុស្សច្រើននាក់ធ្វើការក្នុងឯកសារតែមួយ ក្នុងពេលតំណាលគ្នា។

  • កម្មវិធី Google Drive អាចឱ្យអ្នកប្រើប្រាស់រក្សាទុកឯកសារផ្សេងៗ

រូបភាពពី Google

ទាំងនេះគ្រាន់តែជាការរៀបរាប់ខ្លះៗពីលក្ខណៈនៃកម្មវិធី Google Classroom។ បើសិនជាអ្នកមិនទាន់មានបទពិសោធន៍ជាមួយវាទេ អ្នកអាចសាកល្បងយកទៅប្រើប្រាស់នៅក្នុងថ្នាក់រៀនរបស់អ្នកបាន។

2 responses on "តោះ! មក​ស្គាល់ពី Google Classroom ​ទាំងអស់​គ្នា"

Leave a Message

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.

សាលាខ្មែរជាអ្វី?

នេះ​ជា​គេហទំព័រ​សម្រាប់​អ្នក​ដែល​ចង់​ស្វែងរក​វគ្គសិក្សា​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ វគ្គសិក្សា​ទាំងអស់​ត្រូវ​បាន​យកចិត្តទុកដាក់ ទៅ​លើ​គុណភាព និង​តម្រូវការ​របស់​អ្នក​សិក្សា។ បន្ថែម​ពី​លើ​នេះ យើង​នឹង​ផ្ដល់​ជូន​ជា​ប្រចាំនូវ​ចំណេះដឹង​ថ្មីៗ ទាក់​ទៅ​នឹង​បច្ចេកវិទ្យា ការស្រាវជ្រាវ ក៏​ដូច​ជា​វិធីសាស្ត្រ​បង្រៀន។ ជាមួយ​នឹង​វគ្គសិក្សា និង​ចំណេះដឹង​ដែល​យើង​ផ្ដល់​ជូន យើង​សង្ឃឹម​ថា​អ្នក​នឹង​អភិវឌ្ឍ​ចំណេះ ជំនាញ​របស់​អ្នក​ឱ្យ​ស្រប​ទៅ​នឹង​យុគសម័យ​បច្ចេកវិទ្យា​នេះ។ ចាប់ផ្ដើម​ស្វែងរក​វគ្គ​ដែល​អ្នក​ចាប់​អារម្មណ៍ ចុះឈ្មោះ​ចូលរៀន និង​អាច​រៀន​បាន​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង។

សាលាខ្មែរ ផ្តល់ឱកាសសម្រាប់អ្នកទាំងអស់គ្នា

វគ្គសិក្សាពេញនិយម

ទំនាក់ទំនងមកយើង

អ្នកអាចទំនាក់ទំនងមកយើងតាម

+855 010 68 59 62
info@salakhmer.org
top
Copyright © 2020 | SalaKhmer.org
X